ពលរដ្ឋ ខ្មែរត្រូវគេសង្កេតឃើញជាទូទៅមិនសូវចូលចិត្តអានសៀវភៅឬ សារព័ត៌មានឡើយ។ កង្វះទម្លាប់អានសៀវភៅគឺជាចំណុចអវិជ្ជមានដ៏ធំធេងមួយរបស់សង្គម កម្ពុជា។ ទម្លាប់នេះបានបន្តពីជំនាន់មួយទៅជំនាន់មួយដោយសារតែឪពុកម្តាយ មិនបង្ហាញគំរូដល់កូនចៅជំនាន់ក្រោយ និងក៏ដូចជាសង្គមមិនទាន់ឲ្យតម្លៃពិតប្រាកដទៅលើអ្នកចេះដឹង។ ទម្លាប់មិនអានសៀវភៅឬអានសារព័ត៌មានជាទម្លាប់មិនល្អដែលគួរ ផ្លាស់ប្តូរជាចាំបាច់ដោយត្រូវជំនួសវិញនូវការបណ្តុះវប្បធម៌នៃ ការអានក្នុង ចំណោមពលរដ្ឋខ្មែរ ជាពិសេសក្នុងចំណោមកុមារតែម្តង។
បទអត្ថាធិប្បាយរបស់ ប៉ែន បូណា
(05:14)
នៅក្នុងបណ្តាប្រទេសជឿនលឿន និងស៊ីវិល័យទាំងឡាយក្នុងលោក ប្រជាពលរដ្ឋរបស់គេចាត់ទុកសៀវភៅ ឬសារព័ត៌មានជារបស់ចាំបាច់មួយដូចជាចំណីអាហារប្រចាំថ្ងៃដូច្នោះ ដែរ។នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាដែលមានពេលទំនេរពីការងារ ពួកគេតែងអានសៀវភៅឬកាសែតជាប្រចាំ មានន័យថា ការអានគឺជាទម្លាប់ប្រចាំថ្ងៃមិនអាចខ្វះបាន។
ងាកមកមើលប្រទេសកម្ពុជាវិញ ពលរដ្ឋភាគច្រើនលើសលប់មានទម្លាប់តិចតួចឬអ្នកខ្លះគ្មានទម្លាប់ ទាល់តែសោះក្នុងការអានសៀវភៅ។ កង្វះទម្លាប់អានសៀវភៅគឺជាគុណវិបត្តិធំធេងរបស់ពលរដ្ឋកម្ពុជាដែល ត្រូវកែប្រែជាចាំបាច់ដោយហេតុថាគ្មានសង្គមណាមួយអាចអភិវឌ្ឍន៍ទៅ មុខបានលឿនខណៈដែលពលរដ្ឋក្នុងសង្គមនោះមិនអានសៀវភៅទាល់តែសោះនោះ ឡើយ។ ប្រទេសជប៉ុនបានងើបឡើងយ៉ាងឆាប់រហ័សពីគំនរផេះផង់នៃសង្គ្រាមលោក លើកទី២ហើយបានក្លាយជាប្រទេសដ៏មានឥទ្ធិពលខាងសេដ្ឋកិច្ចវិញក៏ ដោយសារតែពលរដ្ឋជប៉ុនជាមនុស្សឧស្សាហ៍ព្យាយាម និងចូលចិត្តអានសៀវភៅ...!
ជាការពិតណាស់ គ្រួសារខ្មែរច្រើនឲ្យតម្លៃទៅលើមាសប្រាក់ គ្រឿងអលង្ការ ឬសម្ភារៈប្រើប្រាស់ទំនើបៗ ដូចជារថយន្ត ម៉ូតូ ឬទូរស័ព្ទដៃប្រភេទថ្មី ដែលជាវត្ថុលម្អរខាងក្រៅជាជាងសៀវភៅដែលជាវត្ថុលម្អខាងក្នុង គឺលម្អក្នុងចិត្ត ក្នុងសតិបញ្ញា និងស្មារតី។ មានគ្រួសារខ្មែរតិចតួចប៉ុណ្ណោះដែលមានសៀវភៅតាំងនៅក្នុងផ្ទះ។ ជាទូទៅ គេច្រើនសម្អាងថា មកពីជីវភាពក្រីក្រ គ្មានប្រាក់ទិញសៀវភៅ និងគ្មានពេលសម្រាប់អាន។ ហេតុផលនេះមិនខុសទេ ប៉ុន្តែ វាក៏មិនគ្រប់គ្រាន់សម្រាប់ធ្វើជាអំណះអំណាងនេះដែរ។ ជីវភាពក្រីក្រជារឿងមួយ ប៉ុន្តែ ការខ្វះទម្លាប់អានជារឿងមួយទៀត។ នៅពេលដែលពលរដ្ឋមិនឲ្យតម្លៃសៀវភៅ និងមិននាំគ្នាស្វែងយល់ព័ត៌មាន តើគេអាចអភិវឌ្ឍន៍ប្រទេសមួយឲ្យជឿនលឿនបានយ៉ាងដូចម្តេច?
ក្នុងន័យនេះ វប្បធម៌អានសៀវភៅគួរត្រូវបានបណ្តុះជាចាំបាច់មិនអាចខ្វះបាននៅ ក្នុងសង្គមកម្ពុជា។ មានមធ្យោបាយច្រើនយ៉ាងដើម្បីបណ្តុះទម្លាប់នៃការអាននិងការឲ្យ តម្លៃទៅលើសៀវភៅ។ ចំណុចចាប់ផ្តើមជាបឋមគឺ សង្គមទាំងមូលត្រូវឲ្យតម្លៃទៅលើអ្នកចេះដឹង។ នៅពេលដែលអ្នករៀនសូត្រទទួលបានការគោរពនិងការទទួលស្គាល់ពីសង្គម ស័ក្តិសមនឹងការខិតខំរបស់ពួកគេ ពេលនោះ មនុស្សនឹងចាប់ផ្តើមឲ្យតម្លៃលើការរៀនសូត្រ ក៏ដូចជាលើសៀវភៅដែលជាយាននាំពួកគេទៅរកភាពជោគជ័យក្នុងជីវិត។
បន្ទាប់មកទៀត ឪពុកម្តាយដែលជាអ្នកដឹកនាំគ្រួសសារគួរតែបណ្តុះទម្លាប់ស្រឡាញ់ សៀវភៅដល់កូនចៅដោយឧស្សាហ៍នាំពួកគេទៅបណ្តាល័យដើម្បីអានសៀវភៅ ឬទៅបណ្ណាគារដើម្បីទិញសៀវភៅជាជាងនាំទៅទិញវត្ថុផ្សេងៗដែលមិន បម្រើឲ្យការសិក្សា។ ឪពុកម្តាយ ឬសាច់ញាតិគួរបង្កើតទម្លាប់ផ្តល់អំណោយជាសៀវភៅឲ្យកុមារនៅពេល ពួកគេរៀនពូកែឬនៅក្នុងឱកាសណាមួយផ្សេងៗទៀតដែលគេត្រូវផ្តល់ រង្វាន់លើកទឹកចិត្ត។ ក្រៅពីនោះ ឪពុកម្តាយក៏គួរធ្វើគំរូដល់កូនចៅតាមរយៈការអានសៀវភៅផងដែរ។ ប្រសិនបើឪពុកម្តាយមិនដែលកាន់សៀវភៅសោះ តើឲ្យកូនចេះស្រឡាញ់សៀវភៅយ៉ាងដូចម្តេចនឹងកើត?
ម្យ៉ាងទៀត សាលារៀនគួរជំរុញវប្បធម៌អានសៀវភៅដល់កុមារជាចាំបាច់តាមរយៈការលើកទឹក ចិត្តដល់សិស្សដែលអានសៀវភៅច្រើន។ មានវិធីច្រើនយ៉ាងដែលគេអាចធ្វើបានដូចជា ការបញ្ចូលមុខវិជ្ជាអានសៀវភៅទៅក្នុងតារាងផ្តល់ពិន្ទុ ឬការបង្កើតឲ្យមានការប្រណាំងប្រជែងគ្នា អានសៀវភៅនៅក្នុងថ្នាក់រៀនជាដើម។ វិធីទាំងនេះចាំបាច់ណាស់ដើម្បីបណ្តុះវប្បធម៌ អានសៀវភៅដល់កូនខ្មែរតាំងពីតូចៗឲ្យហើយ។
សរុបមកវិញ គ្រួសារខ្មែរ គួរតែមានគំរោងចំណាយសម្រាប់ទិញសៀវភៅសម្រាប់ខ្លួនឯងឬសម្រាប់កូនៗ ជាចាំបាច់ទៅតាមលទ្ធភាពរបស់ខ្លួន។ នៅបណ្តាប្រទេសជឿនលឿនក្នុងលោក គេផ្តល់អំណោយសៀវភៅឬប្រដាប់ប្រដាសិក្សាដល់កុមារដោយចាត់ទុកជា អំណោយដ៏មានតម្លៃ ប៉ុន្តែ នៅកម្ពុជា មនុស្សជាច្រើនគិតថា ការទិញសៀវភៅជាកាដូ(អំណោយ)សម្រាប់កុមារឬមិត្តភក្តិហាក់ដូចជារឿង គួរឲ្យអៀនខ្លួនទៅវិញ។ ផ្នត់គំនិតបែបនេះគួរតែត្រូវបានកែប្រែជាចាំបាច់។
ចូរកុំភ្លេចថា នៅក្នុងលោកនេះ គ្មានសង្គមណាមួយដែលស្គាល់ការអភិវឌ្ឍន៍ជឿនលឿនប្រកបដោយនិរន្តរភាព ដោយខ្វះធនធានខាងបញ្ញាបានឡើយ។ ជាពិសេសបច្ចុប្បន្ននេះ គឺជាយុគសម័យនៃការអភិវឌ្ឍន៍ដោយផ្អែកលើចំណេះដឹង។ ដូច្នេះ សង្គមកម្ពុជាមិនអាចស្គាល់ការអភិវឌ្ឍជឿនលឿនដូចគេឯងបានទេដរាប ណាពលរដ្ឋខ្មែរនៅតែខ្វះវប្បធម៌អានសៀវភៅ៕
Resources
- វប្បធម៌អានសៀវភៅគួរត្រូវបានបណ្តុះក្នុងសង្គមកម្ពុជា
No Comment